FROM THE AUTHOR
អំពីសៀវភៅនេះ
About this book
ក្នុងរយៈពេលជាច្រើនឆ្នាំនៃការចំណាយពេល និងការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅនៅក្នុងដំណើរការ BIM (Building Information Modeling) និងបច្ចេកវិទ្យាឌីជីថលពាក់ព័ន្ធផ្សេងៗ ខ្ញុំបានចងក្រង និងរៀបចំខ្លឹមសារសៀវភៅនេះឡើង គឺក្នុងគោលបំណងពិតប្រាកដ ដើម្បីចែករំលែកចំណេះដឹងដែលបានពីការសិក្សាស្រាវជ្រាវ ប្រមូលផ្តុំព័ត៌មាន និងវិភាគ ដើម្បីអាចជួយត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ភ្លឺស្វាងនៃវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ (AEC) និងគំនិតនៃការអភិវឌ្ឍន៍បែបថ្មីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
ខ្ញុំមើលឃើញថា BIM មិនមែនគ្រាន់តែជាកម្មវិធីគូសប្លង់ 3D ដ៏ទំនើបមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិធីសាស្ត្រការងាររួម (Collaborative Methodology) ដែលមានសមត្ថភាពផ្លាស់ប្តូរទម្រង់ការគ្រប់គ្រងព័ត៌មាននៅក្នុងវិស័យ AEC ទាំងស្រុង។ ម៉ូដែល BIM ដែលផ្ទុកនូវទិន្នន័យឆ្លាតវៃ (Intelligent Objects) មិនត្រឹមតែភ្ជាប់ជាមួយ 4D (ពេលវេលា) និង 5D (ថ្លៃដើម) ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាគន្លឹះក្នុងការកាត់បន្ថយថ្លៃដើមគម្រោងសរុបបានពី ៥% ទៅ ១០%។
សៀវភៅនេះត្រូវបានរៀបចំឡើងក៏ផ្តោតលើការតភ្ជាប់បច្ចេកវិទ្យាទាំងនេះទៅកាន់គោលដៅជាតិដែរ។ BIM គឺជាបច្ចេកវិទ្យាគន្លឹះក្នុងការបង្កើតភ្លោះឌីជីថល (Digital Twins) ដែលអាចភ្ជាប់ទៅក្នុង CIM (City Information Modeling) និង GIS ដើម្បីបង្កើតម៉ូដែលទីក្រុង 3D ពេញលេញសម្រាប់គាំទ្រដល់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City)។ លើសពីនេះ ខ្ញុំបានវិភាគលើលទ្ធភាពនៃការបង្កើត BIM E-commerce Marketplace សម្រាប់ការលក់ប្លង់ឌីជីថល និង BIM Components ដែលជាគំនិតមួយសម្រាប់ជំរុញពាណិជ្ជកម្មឆ្លងដែន និងបង្កើតឱ្យមានចង្វាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្មថ្មី។
ខ្ញុំក៏បានសិក្សាពីសារៈសំខាន់នៃការរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ដែលដើរតួជា «ខួរក្បាលវិភាគ» សម្រាប់ Generative Design និងការប្រើប្រាស់ Metaverse/VR ជា «ច្រកទ្វារអន្តរកម្ម» សម្រាប់បដិវត្តន៍ BIM 4.0។ ទោះបីសក្តានុពលនេះធំធេងមែន ប៉ុន្តែខ្ញុំដឹងថាបញ្ហាប្រឈមជាក់ស្តែងដែលវិស័យ AEC កម្ពុជាកំពុងជួបប្រទះ គឺការខ្វះខាតធនធានមនុស្សជំនាញ។ ហេតុនេះហើយ ទើបខ្ញុំបានកំណត់តម្រូវការជំនាញ BIM 4.0 ហើយស្នើឱ្យមានការពិចារណាលើការកែទម្រង់កម្មវិធីសិក្សាដោយប្រើវិធីសាស្ត្រថ្មីលើការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការចែករំលែកនូវការស្រាវជ្រាវ និងការយល់ដឹងនៅក្នុងសៀវភៅនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវដ៏មានតម្លៃសម្រាប់អ្នកជំនាញ និស្សិត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមានបំណងចង់ចូលរួមក្នុងដំណើរការកសាងអនាគតឌីជីថល និងនិរន្តរភាពរបស់ប្រទេសកម្ពុជា។
BIM · AI · Digital Twins · Metaverse · Smart City
មើលមាតិកាពេញលេញ